​សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសជនល្មើសរំលោភសេពសន្ថវៈ​កុមារ​ដែលកម្ពុជាកំពុងតាមចាប់ខ្លួន​​ ​ពី​បទ​រំលោភសេពសន្ថវៈ​កុមារ បទ​ឆបោក និងបទរំលោភ​លើសិទ្ធិអំណាច

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​ជា​ប្រវត្តិសាស្ត្រដើម្បី​ការពារ​សិទ្ធិ ​និង​ការពារ​កុមារ​ក្នុង​សំណុំរឿង​ប្រឆាំង​នឹង​លោក សុធា អរុណ អតីត​នាយក​ប្រតិបត្តិអង្គការ សុវណ្ណកុមារ និង​បក្ខពួក​គឺ​លោក ហ៊ុន ចិន្តា អ្នកស្រី ថៃ ស៊ីនួន និង​អ្នកស្រី អ៉ឹង វាសនា និមល។ លោក សុធា អរុណ ត្រូវបានតុលាការកាត់ទោសពីបទ រំលោភសេពសន្ថវៈលើកុមារពីររូប បទឆបោក បទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ និងបង្អត់អាហារ ឬគ្មានការថែទាំចំពោះអនីតិជនអាយុតិចជាង១៥ឆ្នាំ។ លោក សុធា អរុណ ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​សរុប ២២​ឆ្នាំ។

សាលក្រមនៃបទរំលោភសេពសន្ថវៈ និងបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ត្រូវបានប្រកាសនៅតុលាការនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ និងសាលក្រមនៃបទឆបោក ត្រូវបានប្រកាសនៅតុលាការនៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៣។ តុលាការបានចេញសាលក្រមជាលាយលក្ខណ៍អក្សរក្នុងពេលថ្មីៗនេះ។

សំណុំរឿងរំលោភសេពសន្ថវៈ

លោក សុធា អរុណ ត្រូវ​បាន​តុលាការ​កាត់ទោស​ពី​បទ​រំលោភ​សេពសន្ថវៈ​លើ​កុមារី​ពីរ​រូបដែលស្នាក់នៅក្នុងអង្គការ សុវណ្ណកុមារ។ លោក សុធា អរុណ ​ត្រូវ​បាន​កាត់​ទោស​ឱ្យជាប់​ពន្ធនាគាររយៈពេល ៨ ឆ្នាំ​ក្នុងមួយករណីនៃបទរំលោភសេពសន្ថវៈ។ ក្នុងសំណុំរឿងរំលោភសេពសន្ថវៈទាំងពីរករណី មានមួយករណីដែល លោក សុធា អរុណ ត្រូវសងថ្លៃខូចខាតចំនួន ៦០.០០០.០០០ (ហុកសិបលាន) រៀល ដល់ជនរងគ្រោះដែលរងការរំលោភបំពានផ្លូវភេទម្តងហើយម្តងទៀត តាំងពីនាងមានអាយុ ៦ ឆ្នាំ។

សំណុំរឿងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ

លោក សុធា អរុណ ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៤​ ឆ្នាំ ពី​បទ​អំពើ​ហិង្សា​លើ​កុមារ ​នៅ​ក្នុងអង្គការ ​សុវណ្ណ កុមារ។ លោក ហ៊ុន ចិន្តា និងអ្នកស្រី ថៃ ស៊ីនួន ដែលជាឪពុកម្តាយចិញ្ចឹមនៅក្នុងអង្គការ សុវណ្ណកុមារ ត្រូវផ្តន្ទាទោសដាក់ពន្ធធនាគាររយៈពេល ៣ ឆ្នាំ ម្នាក់ និងអ្នកស្រី អ៉ឹង វាសនានិមល ជាម្តាយចិញ្ចឹមម្នាក់ទៀតត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល  ២ ឆ្នាំ ៦ ខែ។ សាលក្រមចំពោះលោកសុធា អរុណ លោកហ៊ុន ចិន្តា អ្នកស្រីថៃ ស៊ីនួន និងអ្នកស្រី អ៉ឹង វាសនា និមល ពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ។ លោកសុធា អរុណ ក៏ត្រូវបានតុលាការផ្តន្ទាទោសពីបទ បង្អត់អាហារ និង គ្មានការថែទាំ ​
អនីតិជនអាយុតិចជាង ១៥ឆ្នាំ។ តុលាការ​បាន​បង្គាប់​ឱ្យលោក សុធា អរុណ លោក ហ៊ុន ចិន្តា អ្នកស្រី ថៃ ស៊ីនួន និង​អ្នកស្រី អ៉ឹង វាសនា និមល រួម​គ្នា​សង​ថ្លៃ​ខូចខាត​ចំនួន ២០០.០០០.០០០ (ពីរ​រយ​លាន) រៀល។

សំណុំរឿងឆបោក

លោក សុធា អរុណ ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ២​ ឆ្នាំ ពី​បទ​ឆបោក។ ចំណែកឯបក្ខពួករបស់លោក ​គឺ​អ្នកស្រី ពៅ ស្រីមុំ ត្រូវជាភរិយា​របស់លោក សុធា អរុណ និង​លោកស្រី ជាតិ ចាន់​មរកត ជាអតីត​គណនេយ្យកររបស់អង្គការ សុវណ្ណកុមារ ត្រូវ​បាន​ផ្ដន្ទាទោស​ម្នាក់ៗឱ្យ​ជាប់​ពន្ធនាគាររយៈពេល ១៨ ខែ​ពី​បទ​ឆបោក។ ជន​ជាប់​ចោទ​ទាំង​បី​ត្រូវ​សង​ជំងឺ​ចិត្ត​ដល់អង្គការ សុវណ្ណកុមារ ក្នុងទឹកប្រាក់ចំនួន ១.៤៦២.៣៤៩ (មួយលានបួនសែនហុកសិបពីរពាន់ និងបីរយសែសិបប្រាំបួន) ដុល្លារ​អាមេរិក។

លោក សុធា អរុណ និងបុគ្គលិករបស់លោក ត្រូវបានគេរកឃើញថា បានរំលោភបំពានរាងកាយ និងផ្លូវភេទលើកុមារក្នុងអង្គការ សុវណ្ណកុមារ ក្នុងខណៈដែលខ្លួនរស់នៅបែបស៊ីវីល័យដោយសារ
ការលួចលុយពីអង្គការ សុវណ្ណកុមារ ដែលទុកសម្រាប់ផ្គត់ផ្គង់កុមារកំព្រា និងកុមារដែលបោះបង់ចោលយកមកប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន។

ក្នុង​អំឡុង​ពេលដែលលោក សុធា អរុណ ធ្វើការ​នៅ​ក្នុង​អង្គការនេះ លោកបាន​សាងសង់​ផ្ទះ​វីឡា​ធំ​មួយ​ និងបានសង់​អាង​ហែល​ទឹកដែលមានតម្លៃ ២២.០០០ (ពីរម៉ឺនពីរពាន់) ដុល្លារអាមេរិក និង​បន្ទប់ខារ៉ាអូខេ ដោយ​ប្រើ​ថវិកា​របស់​អង្គការ​។ លោក សុធា អរុណ ក៏បានប្រើប្រាស់ផងដែរនូវមូលនិធិរបស់ម្ចាស់ជំនួយដើម្បីទិញអចលនទ្រព្យផ្ទាល់ខ្លួន និងបណ្តាក់ទុនលើអាជីវកម្មមួយចំនួន។ លោក សុធា អរុណ បង្កើតអាណាចក្រអចលនទ្រព្យក្នុងអំឡុងពេលដែលលោកបានឆបោកថវិកាជាច្រើនពីអង្គការ សុវណ្ណកុមារ រួមមានផ្ទះវីឡាប្រណីតផ្ទាល់ខ្លួន ចំការកៅស៊ូក្នុងខេត្តមណ្ឌលគិរី និងដីនៅតាមខេត្តជាច្រើនទូទាំងប្រទេស។ លោក សុធា អរុណ បានប្រើប្រាស់បុគ្គលិក និងទ្រព្យសម្បត្តិរបស់អង្គការ ដើម្បីជាទ្រព្យសម្បត្តិរបស់ខ្លួន ហើយគណនី    ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គ្រួសារលោក សុធា អរុណ បង្ហាញរូបថតនៃការរស់នៅដ៏ប្រណីត រួមទាំងពិធីជប់លៀងអាងហែលទឹកសម្រាប់ក្មេងៗមួយចំនួនដែលលោកពេញចិត្តនៅឯវីឡាដ៏ធំរបស់លោក។

ការស៊ើបអង្កេតបានរកឃើញករណីនៃការរំលោភបំពានលើរាងកាយដ៏គួរឱ្យរន្ធត់ រួមទាំងករណីព្យួរកុមារជាមួយកង្ហារជាប់ពិដាន និងការបង្អត់អាហារកុមារពីររូបដោយចេតនាអស់រយៈពេល ៣ សប្តាហ៍ ក៏ដូចជាការរំលោភបំពានផ្លូវភេទលើកុមារអាយុ ៦ ឆ្នាំ ហើយមានបុគ្គលិកផ្សេងៗជាច្រើនដែលមានពាក់ព័ន្ធក្នុងសកម្មភាពរំលោភបំពានផ្លូវភេទកុមារ។ ការរំលោភបំពាននេះបានកើតឡើងអស់រយៈពេលជាច្រើនឆ្នាំ ហើយលោក សុធា អរុណ ដែលជាជនបោកប្រាស់ដ៏មានជំនាញ និងមេដឹកនាំមនោគមបានចាត់វិធានការជាច្រើនដើម្បីលាក់បាំងពីបទឧក្រិដ្ឋកម្មទាំងនេះ។ 

លោក Bradley J. Gordon អ្នកតំណាងស្របច្បាប់របស់ អង្គការ សុវណ្ណកុមារ បានមានប្រសាសន៍ថា “យើងខ្ញុំជឿជាក់ថា សាលាដំបូងរាជធានីភ្នំពេញនឹងរកយុត្តិធម៌ឱ្យយើងខ្ញុំ ហើយសូមកោតសរសើរដល់ប្រជាជនកម្ពុជាដែលបម្រើការងារក្នុងជួររាជរដ្ឋាភិបាល ដែលបានទទួលស្គាល់ថា ទង្វើរបស់លោក សុធា អរុណ និងអ្នកបក្ខពួកទាំងអស់របស់លោក សុធា អរុណ ជាទង្វើដែលហួសហេតុ និងគួរឱ្យស្អប់ខ្ពើម។ កុមារមិនអាចការពារខ្លួនរបស់ពួកគេពីទង្វើរបស់ជនល្មើសបានទេ ដូចនេះយើងខ្ញុំជឿជាក់យ៉ាងមុតមាំថា ការដាក់ទោសជនល្មើស គឺពិតជាសមហេតុផល និងត្រឹមត្រូវបំផុត។ យើងខ្ញុំសង្ឈឹមថា រឿងក្តីទាំងនេះ នឹងជួយបង្កើនការយល់ដឹងបន្ថែមទៀត ព្រមទាំងពង្រឹងនូវការការពារចំពោះកុមារ”។ លោកបានបន្ថែមទៀតថា “ប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិល និងសង្គ្រាមប្រល័យពូជសាសន៍ អស់រយៈពេល ៣០ ឆ្នាំ ហេតុដូច្នេះកម្ពុជាមានទំនួលខុសត្រូវចាំបាច់ក្នុងកិច្ចការពារដល់កុមារ។ បទល្មើសដ៏គួរឱ្យរន្ធត់នេះ ចាំបាច់ត្រូវទទួលបានយុត្តិធម៌ដ៏ត្រឹមត្រូវមួយ ហើយយើងខ្ញុំជឿជាក់ថា ការកាត់ទោសរបស់តុលាការ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សង្គមដើម្បីបង្ហាញពីការជាសះស្បើយពីរបួសដែលបានកើតឡើងក្នុងអតីតកាល។ ចំពោះករណីដែល ក្មេងប្រុសពីរនាក់ត្រូវបានលោក សុធា អរុណ និងបក្ខពួក បង្អត់អាហារអស់រយៈពេល ៣ សប្តាហ៍ និងករណីដែលក្មេងស្រីអាយុ ៦ឆ្នាំម្នាក់ត្រូវបានលោក សុធា អរុណ រំលោភសេពសន្ថវៈ តែងលងបន្លាចយើងគ្រប់គ្នាជារៀងរាល់ថ្ងៃ ដែលទង្វើដ៏អាក្រក់បែបនេះមិនគួរកើតមានឡើង និងមិនត្រូវកើតមានសារជាថ្មីឡើយ។ សេចក្តីសម្រេចរបស់តុលាការនេះគ្រាន់ជាការចាប់ផ្តើមតែប៉ុណ្ណោះ។ នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ ដើម្បីការពារកុមារទាំងឡាយ ជាពិសេសទាក់ទងទៅនឹងតម្រូវការក្នុងការការពារដល់កុមារនៅក្នុងប្រទេសកម្ពុជា និងទប់ស្កាត់មិនឱ្យមានបទល្មើសបែបនេះកើតឡើងសារជាថ្មី។ យើងខ្ញុំប្តេជ្ញាចិត្តនឹងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីធានាបាននូវការការពារដល់កុមារកម្ពុជាឱ្យបានកាន់តែប្រសើរឡើង”។ 

អង្គការ សុវណ្ណកុមារ ជាមណ្ឌលកុមារកំព្រាមិនស្វែងរកប្រាក់ចំនេញមានទីតាំងស្ថិតក្នុងទីក្រុងភ្នំពេញ បង្កើតឡើងក្នុងឆ្នាំ ២០០៣ ដោយលោកស្រី Elizabeth Ross Johnson ដើម្បីផ្តល់នូវលំនៅស្ថានដែលប្រកបដោយសុវត្ថិភាព និងការចិញ្ចឹមបីបាច់ថែរក្សាដល់កុមារដែលត្រូវការជំនួយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អង្គការ សុវណ្ណកុមារ បានមើលថែទាំកុមារចំនួន ៥៥ នាក់។

លោក Bradley J. Gordon  បានបន្ថែមទៀតថា “យើងខ្ញុំសូមថ្លែងអំណរគុណដល់អាជ្ញាធរកម្ពុជា ជាពិសេសដល់អ្នកដែលបានជ្រោមជ្រែងដល់សិទ្ធិកុមារ។ យើងខ្ញុំក៏សូមថ្លែងអំណរគុណផងដែរចំពោះ បុគ្គលិក អ្នកស្ម័គ្រចិត្ត និងអ្នកគាំទ្រទាំងអស់ដែលបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយការពារដល់កុមារក្នុងអង្គការសុវណ្ណកុមារ និងហ៊ានលើកឡើងអំពីបទល្មើសដែលបានកើតឡើងទៅកាន់តុលាការ។ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំមុន មនុស្សជាច្រើនបានប្រឈមនឹងគ្រោះថ្នាក់ ដោយលោក សុធា អរុណ បានគម្រាមកំហែងដល់អាយុជីវិតនៅពេលបុគ្គលទាំងអស់នោះឡើងធ្វើជាសាក្សីចំពោះមុខតុលាការ។ ការគាំទ្រពីគ្រួសារ Johnson  បានដើរតួយ៉ាងសំខាន់ក្នុងការរកឃើញនូវភាពមិនប្រក្រតីក្នុងអង្គការ សុវណ្ណកុមារ។” 

នាពេលបច្ចុប្បន្ន លោក សុធា អរុណ និងបក្ខពួកទាំងអស់នៅតែមានសេរីភាព បើទោះបីជាមានការកាត់ទោសពីតុលាការក៏ដោយ។