ជនល្មើសរំលោភសេពសន្ថវៈ​កុមារ​ និងឆបោក ដែលកម្ពុជាកំពុងតាមចាប់ខ្លួន តែនៅ​ដើរ​ហើរដោយសេរីទោះបីជាមានការសម្រេចផ្តន្ទាទោស

អត់រយៈពេលជាងមួយខែហើយ ដែលសាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ប្រកាស​ផ្តន្ទាទោសជាប្រវត្តិសាស្រ្តលើ ​លោក សុធា អរុណ អតីត​នាយក​ប្រតិបត្តិអង្គការ សុវណ្ណកុមារ និង​បក្ខពួក ​គឺ​លោក ហ៊ុន ចិន្តា អ្នកស្រី ថៃ ស៊ីនួន អ្នកស្រី អ៉ឹង វាសនា និមល អ្នកស្រី ពៅ ស្រីមុំ និងអ្នកស្រី ជាតិ ច័ន្នមរកត​។ លោក សុធា អរុណ ត្រូវបានតុលាការកាត់ទោសពីបទ រំលោភសេពសន្ថវៈលើកុមារពីររូប បទឆបោក បទប្រើហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ និងបង្អត់អាហារ ឬគ្មានការថែទាំចំពោះអនីតិជនអាយុតិចជាង១៥ឆ្នាំ។ បើទោះបីជាមានដីកាចាប់ខ្លួនភ្លាមៗក៏ដោយ  ការទាមទាររកយុត្តិធម៌មួយនេះទទួលបានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់សាធារណជន និងជនរងគ្រោះ ដោយហេតុ លោក សុធា អរុណ និងបក្ខពួកនៅមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ។


ការផ្តន្ទាទោសពីតុលាការលើជនល្មើស លោក សុធា អរុណ ពីបទនានាជាច្រើនដូចជា បទរំលោភសេពសន្ថវៈ បទប្រើហឹង្សាលើកុមារ  និងបទឆបោក ទាំងនេះបានបង្ហាញ សារយ៉ាងរឹងមុំាមួយអំពីសារៈសំខាន់នៃការការពារកុមារ និងសិទ្ធិរបស់ពួកគាត់។ ត្បិតតែជនល្មើសសមប្រឈមនឹងបទឧក្រិដ្ឋ ប៉ុន្តែលោក សុធា អរុណ និង​បក្ខពួកនៅបន្តគេចពីការចាប់ខ្លួនយ៉ាងសេរី ដែលនាំឱ្យសាធារណជនមានការព្រួយបារម្ភជាខ្លាំងអំពីប្រសិទ្ធភាពរបស់ប៉ូលីសក្នុងការអនុវត្តយុត្តិធម៌។

លោក Brad Gordon មេធាវីតំណាងស្របច្បាប់របស់ អង្គការ សុវណ្ណកុមារ មានប្រសាសន៍ថា “យើងមានការខកចិត្តយ៉ាងខ្លាំងដែលលោក សុធា អរុណ និងបក្ខពួកនៅតែមានសេរីភាព បើទោះបីជាមានសាលក្រម និងការផ្តន្ទាទោសពីតុលាការក៏ដោយ។ កុមាររងគ្រោះ បានស៊ូទ្រាំនឹងការឈឺចាប់ និងរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយនៅមិនទាន់ទទួលបាននូវយុត្តិធម៌នៅឡើយទេ វាចាំបាច់ណាស់ ដែលពួកគាត់ត្រូវទទួលបានយុត្តិធម៌ពេញលេញ និង ជនល្មើសត្រូវទទួលការផ្តន្ទាទោសពេញលេញដូចគ្នា។ យើងជំរុញឱ្យប៉ូលីសចាត់វិធានការជាបន្ទាន់ និងធានាថាជនល្មើសក្រោមការផ្តន្ទាទោសត្រូវបានចាប់ខ្លួនភ្លាមៗ ហើយចាប់ផ្តើមកាត់ទោសពួកគេ"។

ការយឺតយ៉ាវក្នុងការចាប់ខ្លួនលោក សុធា អរុណ និងបក្ខពួក ធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់សាធារណជនក្នុងប្រព័ន្ធយុត្តិធម៌ និងធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពជនរងគ្រោះ និងអ្នកពាក់ព័ន្ធដែលអាចកើតមាននាពេលអនាគត។

សំណុំរឿងប្រឆាំងនឹងលោក សុធា អរុណ និងបទឧក្រិដ្ឋដែលប្រព្រឹត្តនៅអង្គការ សុវណ្ណកុមារ បានបង្ហាញពីតម្រូវការបន្ទាន់សម្រាប់ការការពារដ៏រឹងមាំសម្រាប់កុមារនៅកម្ពុជា។ ករណីនេះបានលាតត្រដាងពីភាពងាយរងគ្រោះ ដែលកុមារដែលអាចនឹងប្រឈមមុខ។ ការផ្តន្ទាទោសជនល្មើស លោក សុធា អរុណ និងបក្ខពួក គួរតែដើរតួជាកត្តាជំរុញឱ្យមានការកែទម្រង់គ្រប់ជ្រុងជ្រោយ សំដៅទប់ស្កាត់បទឧក្រិដ្ឋដ៏អាក្រក់បែបនេះកុំឱ្យកើតឡើងម្តងទៀត។

លោក Brad Gordon បន្ថែមទៀតថា “ខណៈពេលដែលយើងទទួលស្គាល់វឌ្ឍនភាពដែលបានធ្វើឡើងជាមួយនឹងការផ្តន្ទាទោស យើងក៏ទទួលស្គាល់ថា មានការងារជាច្រើនទៀតដែលយើងត្រូវធ្វើ ដើម្បីបង្កើតសុវត្ថិភាពសម្រាប់កុមារនៅកម្ពុជា"។

 

ព័​ត៍​មាន​បន្ថែមអំពីបទឧក្រិដ្ឋរបស់លោក សុធា អរុណ និងបក្ខពួក៖

សំណុំរឿងរំលោភសេពសន្ថវៈ

លោក សុធា អរុណ ត្រូវ​បាន​តុលាការ​កាត់ទោស​ពី​បទ​រំលោភ​សេពសន្ថវៈ​លើ​កុមារី​ពីរ​រូបដែលស្នាក់នៅក្នុងអង្គការ សុវណ្ណកុមារ។ លោក សុធា អរុណ ​ត្រូវ​បាន​កាត់​ទោស​ឱ្យជាប់​ពន្ធនាគាររយៈពេល ៨ ឆ្នាំ​ក្នុងមួយករណីនៃបទរំលោភសេពសន្ថវៈ។ ក្នុងសំណុំរឿងរំលោភសេពសន្ថវៈទាំងពីរករណី មានមួយករណីដែល លោក សុធា អរុណ ត្រូវសងថ្លៃខូចខាតចំនួន ៦០.០០០.០០០ (ហុកសិបលាន) រៀល ដល់ជនរងគ្រោះដែលរងការរំលោភបំពានផ្លូវភេទម្តងហើយម្តងទៀត តាំងពីនាងមានអាយុ ៦ ឆ្នាំ។

សំណុំរឿងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ

លោក សុធា អរុណ ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៤​ ឆ្នាំ ពី​បទ​អំពើ​ហិង្សា​លើ​កុមារ ​នៅ​ក្នុងអង្គការ ​សុវណ្ណ កុមារ។ លោក ហ៊ុន ចិន្តា និងអ្នកស្រី ថៃ ស៊ីនួន ដែលជាឪពុកម្តាយចិញ្ចឹមនៅក្នុងអង្គការ សុវណ្ណកុមារ ត្រូវផ្តន្ទាទោសដាក់ពន្ធធនាគាររយៈពេល ៣ ឆ្នាំ ម្នាក់ និងអ្នកស្រី អ៉ឹង វាសនានិមល ជាម្តាយចិញ្ចឹមម្នាក់ទៀតត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល  ២ ឆ្នាំ ៦ ខែ។ តុលាការ​បាន​បង្គាប់​ឱ្យលោក សុធា អរុណ លោក ហ៊ុន ចិន្តា អ្នកស្រី ថៃ ស៊ីនួន និង​អ្នកស្រី អ៉ឹង វាសនា និមល រួម​គ្នា​សង​ថ្លៃ​ខូចខាត​ចំនួន ២០០.០០០.០០០ (ពីរ​រយ​លាន) រៀល។

សំណុំរឿងឆបោក

លោក សុធា អរុណ ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ២​ ឆ្នាំ ពី​បទ​ឆបោក។ ចំណែកឯបក្ខពួករបស់លោក ​គឺ​អ្នកស្រី ពៅ ស្រីមុំ ត្រូវជាភរិយា​របស់លោក សុធា អរុណ និង​លោកស្រី ជាតិ ចាន់​មរកត ជាអតីត​គណនេយ្យកររបស់អង្គការ សុវណ្ណកុមារ ត្រូវ​បាន​ផ្ដន្ទាទោស​ម្នាក់ៗឱ្យ​ជាប់​ពន្ធនាគាររយៈពេល ១៨ ខែ​ពី​បទ​ឆបោក។ ជន​ជាប់​ចោទ​ទាំង​បី​ត្រូវ​សង​សំណងខូចខាតដល់អង្គការ សុវណ្ណកុមារ ក្នុងទឹកប្រាក់ចំនួន ១.៤៦២.៣៤៩ (មួយលានបួនសែនហុកសិបពីរពាន់ និងបីរយសែសិបប្រាំបួន) ដុល្លារ​អាមេរិក។

លោក សុធា អរុណ ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​សរុប ២២​ឆ្នាំ។

អង្គការ សុវណ្ណកុមារ ជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ ដែលប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការផ្តល់លំនៅប្រកបដោយសុវត្ថិភាព និងការចិញ្ចឹមបីបាច់ដល់កុមារដែលខ្វះខាត។

អង្គការ សុវណ្ណកុមារ អិលអិលស៊ី បន្តសហការជាមួយអង្គការក្នុងស្រុក និងអន្តរជាតិ ក្នុងការ ជំរុញឱ្យអាជ្ញាធរកម្ពុជាចាត់វិធានការជាបន្ទាន់ ដើម្បីចាប់ខ្លួន និងកាត់ទោសលោក សុធា អរុណ និងបក្ខពួក។ អង្គការនឹងបន្តតស៊ូការពារកុមារ និងការពារយុត្តិធម៌នៅក្នុងករណីទាំងនេះ និងផ្សេងៗទៀត។